Friday, April 29, 2011

វិជ្ជាធ្វើម្ហូប
បំពងក្តាមថ្មជ្រលក់ជាមួយទឹកផ្លែប៉ោម




គ្រឿងផ្សំ :

-តង្កៀបក្តាមសមុទ្រចំនួន១០
-ស៊ុតមាន់១
-កម្ទេចនំប៉័ងកន្លះវែកសម្ល
-ការ៉ុត ១០០ ក្រាម
-ដំឡូងបារាំង ១០០ ក្រាម
-ប៊័រស្រស់ប្រភេទប្រៃ១ ស្លាបព្រាបាយ
-ប្រេងឆាសម្រាប់បំពង

គ្រឿងផ្សំធ្វើទឹកផ្លែប៉ោម :

-ផ្លែប៉ោមពណ៌ខៀវ ២ ផ្លែ
-អំបិលម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ
-ប័រស្រស់ប្រភេទប្រៃ១ស្លាបព្រាបាយ
-ស្កសរ ១ ស្លាបព្រាបាយ
-ទឹកធម្មតា

វិធីធ្វើ :


-ចំហុយតង្កៀបក្តាមឲ្យឆ្អិន រួចដំឲ្យបែកតិចៗហើយបកសម្បកចេញ ។
-វាយពងមាន់ឲ្យបែកល្អ រួចយកតង្កៀបក្តាមជ្រលក់ក្នុងពងមាន់ បន្ទាប់មកយកវាទៅប្រឡាក់ជាមួយកម្ទេចនំប៉័ង ហើយដាក់បំពងក្នុងប្រេងឆាក្តៅដោយប្រើភ្លើងល្មម រង់ចាំរហូតដល់តង្កៀបក្តាមប្រែពណ៌ឡើងលឿង ទើបដួសចេញ ។
-ហាន់ការ៉ុត និង ដំឡូងបារាំងជាដុំៗ រួចយកទៅឆាមួយប៊័រស្រស់រហូតដល់ឆ្អិន ។
-ចិតសម្បកផ្លែប៉ោម រួចហាន់ជាចំណិតៗដាក់ស្ងោរឲ្យឆ្អិន ។
-បង់អំបិលម៉ដ្ឋបន្តិច ប៊័រស្រស់ និង ស្ករស កូររហូតដល់គ្រឿងផ្សំឡើងខាប់ ទុកធ្វើជាទឹកជ្រលក់ទទួលទានជាមួយតង្កៀបក្តាមបំពង ព្រមទាំងបន្លែ ការ៉ុត និងដំឡូងបារាំងឆាផងដែរ ។



ដោយ: www.cen.com.kh
គួរយល់ដឹង
អត្ថប្រយោជន៍នៃការទទួលទានផ្លែម្ទេស




បណ្តាក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យPurdue Universityនៅអ៊ីនឌីយ៉ាណាបានរកឃើញថា សារធាតុCapsaicinដែលជាសារធាតុធ្វើឲ្យម្ទេសហឹរអាចជួយកាត់បន្ថយការឃ្លាននិងបង្កើនការចំណាយថាមពល។
លោកសាស្ត្រាចារ្យរីឆាដ មេតបាននិយាយថា៖«យើងបានរកឃើញថា ការទទួលទានម្ទេសក្រហមអាចជួយទប់ស្កាត់ការឃ្លាននិងដុតរំលាយកាល់ឡូរីក្រោយពីទទួលទានអាហាររួច»។
ការផ្លាស់ប្តូររបបអាហារទទួលទានដោយគ្រាន់តែរោយម្ទេសលើអាហាររបស់អ្នក វាអាចជួយទ្រទ្រង់ព្រមទាំងធ្វើឱ្យមានអត្ថប្រយោជន៍ដល់សុខភាពយូរអង្វែង ជាពិសេសនៅពេលដែលគួបផ្សំជាមួយការហាត់ប្រាណ។

ចំណែកការសិក្សាថ្មីមួយទៀតរបស់ប្រទេសចិនបានបង្ហាញថា ការទទួលទានអាហារដែលមានរសជាតិហឹរដូចជាម្ទេសដែលមានពណ៌ក្រហមឆ្អិនឆ្អៅអាចជួយឱ្យសម្ពាធឈាមចុះទាបបាន។ បណ្តាអ្នកស្រាវជ្រាវបានរកឃើញថា ធាតុសំខាន់ដែលធ្វើឱ្យម្ទេសមានរសជាតិហឹរឈ្មោះឃែបសាយស៊ីន (Capsaicin) ថា បានជួយសម្រួលដល់សរសៃឈាម។
បណ្តាអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យវេជ្ជសាស្រ្តកងទ័ពទី៣ក្នុងប្រទេសចិន បានធ្វើការពិសោធន៍លើសត្វកណ្តុរដែលមានសម្ពាធឈាមខ្ពស់ត្រូវបានគេឱ្យចំណីដែលសម្បូរទៅដោយសារធាតុឃែបសាយស៊ីន។ ជាលទ្ធផលទទួលបានសារធាតុឃែបសាយស៊ីនដែលមាននៅក្នុងម្ទេសបានជួយបន្ថយសម្ពាធឈាមរបស់សត្វកណ្តុរ។ លទ្ធផលនេះត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រឈ្មោះ Cell Meta-bolism ដែលចេញផ្សាយកាលពីពេលកន្លងទៅ។
បណ្តាអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សាលើកក្រោយនឹងពិសោធន៍ឱ្យដឹងថា តើចំនួនម្ទេសប៉ុន្មានដែលយើងគួរតែបរិភោគក្នុងមួយថ្ងៃដើម្បីធានាបានគុណប្រយោជន៍ដល់រាង្គកាយមនុស្ស ៕

ដោយ : www.kohsantepheapdaily.com.kh

ប្រវត្ដិ​សា​ស្ដ្រ​​ពិភព​លោក

ឯតទគ្គ​កម្ម​គេច​ផុត​ពី​មច្ចុ​រាជ

មេ​ដឹកនាំ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ​មិន​ត្រឹម​តែ​ល្បី​ល្បាញ​ ​ថែម​ទាំង​មាន​សមត្ថ​ភាព​ ​និង​តំណាង​នៃ​ការ​រស់​រាន​មាន​ជីវិត​ ​តែង​តែ​ឆ្លង​កាត់​ឧបសគ្គ​ ​ទោះបី​សេចក្ដី​ស្លាប់​ចូល​មក​កៀក​ហើយ​ក៏​ដោ​យ​។​ ​ពួក​គាត់​ស​ក្ដិ​សម​ជា​បុគ្គល​ដែល​មាន​សំណាង​ខ្ពស់​បំផុត​គ្រប់​សម័យ​កា​ល​។



ហ្វី​ដែល​ ​កា​ស្ដ្រូ​ គេច​ផុត​ពី​សេចក្ដី​ស្លាប់​ ​ដោយ​ការ​លួច​ធ្វើ​ឃាត​៦៣៨លើក
ហ្វី​ដែល​ ​កា​ស្ដ្រូ​ មេ​ដឹកនាំ​ដ៏​ល្បី​ល្បាញ​ ​និង​ជា​វីរ​ជន​របស់​គុយ​បា​បាន​ក្លាយ​ជា​ប្រវត្ដិ​សា​ស្ដ្រ​ ពេល​ដែល​លោក​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ពី​ការ​លួច​ធ្វើ​ឃាត​រហូត​ដល់​៦៣៨លើ​ក​។​ ​លោក​ត្រូវ​គេ​ផ្ដល់​រហស្ស​នាម​ថា​ជា​មេ​ដឹកនាំ​ ​សូ​ម្បី​តែ​មច្ចុ​រាជ​ក៏​ត្រូវ​ខ្លាច​លោក​ដែ​រ​។​ ​រាល់​ការ​ប៉ុន​ប៉ង​ការ​ធ្វើ​ឃាត​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ត្រូវ​គេ​ដឹង​ថា​ ​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​ចារ​កម្ម​ស៊ី​អាយ​អេ​របស់​អា​មេ​រិ​ក​។​ ​៦៣៨លើក​ ​ក្នុង​ការ​លួច​ធ្វើ​ឃាត​របស់​ស៊ី​អាយ​អេ​ ​គឺ​ត្រូវ​បរាជ័យ​ទាំង​អ​ស់​។
រហូត​មក​ដល់​ឆ្នាំ​២០០០ លោក​ ​ហ្វី​ដែល​ ​កា​ស្ដ្រូ​ មាន​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប៉ា​ណា​ម៉ា​ ​ស៊ី​អាយ​អេ​ក៏​មាន​សកម្មភាព​ ​“ដក​បន្លា​ចេញ​ពី​ទ្រូង​”។ ការ​លួច​ធ្វើ​ឃាត​នោះ​បាន​រៀបចំ​យ៉ាង​ល្អិត​ល្អន់​ជាមួយ​នឹង​សព្វាវុធ​ធ្វើ​ឃាត​ដ៏​ទំ​នើ​បៗ​បំផុត​រួម​ទាំង​រំសេវ​ផ្ទុះ​ប្រមាណ​៩០គីឡូក្រាម​បាន​លាក់​ទុក​នៅ​ខាង​ក្រោម​វេទិកា​ ​ដែល​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ត្រូវ​ឡើង​ថ្លែង​សុន្ទរ​កថា​នោះ​។​ ​ ​ក្រុម​អង្គ​រក្ស​ការពារ​លោក​ហ្វី​ដែល​ ​កា​ស្ដ្រូ​ ក៏​បាន​ត្រួត​ពិ​និត្យ​ ​ហើយ​រក​ឃើញ​រំសេវ​ផ្ទុះ​ទាំង​នោះ​ ​ធ្វើ​ឱ្យ​គម្រោង​ធ្វើ​ឃាត​ត្រូវ​បែក​ធ្លា​យ​។​ ​ជន​ប៉ុន​ប៉ង​ធ្វើ​ឃាត​៤នាក់​ ​ម្នាក់​ជា​ជន​ជាតិ​គុយ​បា​ ​និង​៣នាក់​ទៀត​ជា​ ​សមាជិក​ស៊ី​អាយ​អេ​ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែ​រ​។
បើ​និយាយ​អំពី​ឯតទគ្គ​កម្ម​គេច​ផុត​ពី​មច្ចុ​រាជ​ ​ហ្វី​ដែល​ ​កា​ស្ដ្រូ​ បាន​និយាយ​ឌឺដង​ថា​ ​“ប្រសិនបើ​កីឡា​អូ​ឡាំ​ពិ​ក​មាន​មេដាយ​មាស​សម្រាប់​ជន​ណា​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នោះ​ ​ខ្ញុំ​ប្រាកដ​ជា​ទទួល​បាន​មេដាយ​មាស​នោះ​ ​ជាក់​ជា​មិន​ខាន​”។






លោក​ ​អា​ដូ​ហ្វ​ ​ហ៊ី​ត្លែ​រ​ ​គេច​ផុត​ពី​សេចក្ដី​ស្លាប់​៥០លើក
ហ៊ី​ត្លែ​រដែ​ល​មាន​ភាព​ល្បី​ល្បាញ​ជា​មនុស្ស​សា​ហាវ​ព្រៃ​ផ្សៃ​ឃោរឃៅ​បំផុត​ ​ពេល​ដែល​លោក​បញ្ជា​ឱ្យ​សម្លាប់​រង្គាល​ពលរដ្ឋ​ស្លូត​ត្រង់​អ៊ី​ស្រា​អែ​ល​៦លាន​នាក់​ ​ជន​ជាតិ​ប៉ូ​ឡូញ​២លាន​នាក់​ ​និង​ពលរដ្ឋ​៤លាន​នាក់​ផ្សេង​ទៀត​ត្រូវ​ហ៊ី​ត្លែ​រ​ចាត់​ទុក​ថា​មិន​គួរ​ទុក​ឱ្យ​នៅ​រស់​រាន​មាន​ជីវិត​នៅ​លើ​ពិភព​លោក​នេះ​ទេ​ ​ក្នុង​នោះ​មាន​ជន​ពិការ​ ​អ្នក​មាន​ជំងឺ​ស​សៃ​ប្រសាទ​ ​អ្នក​ទោស​សូ​វៀ​ត​ ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​និង​ជន​ជាតិ​រ៉ូ​ម៉ា​នី​។
“ជីវិត​មាន​ខ្ចី​ ​ត្រូវ​តែ​មាន​សង​” ការ​ឈឺ​ចាប់​តែ​ប៉ុន្មាន​ដែល​ហ៊ី​ត្លែ​រ​បង្ក​ឡើង​ដល់​មនុស្ស​ជាតិ​នោះ​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ជាង​៥០លើក​ ​ហើយ​លោក​ក៏​ត្រូវ​ប្រឈម​នឹង​ទុក្ខ​លំបាក​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​ដែ​រ​។
ការ​ធ្វើ​ឃាត​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩២១ គ្រាប់​កាំភ្លើង​ជា​ច្រើន​បាន​បាញ់​សំដៅ​លោក​ហ៊ី​ត្លែ​រ​ ​ក្នុង​ពេល​ដែល​លោក​បញ្ចប់​សុន្ទរ​កថា​ ​ប៉ុន្ដែ​មច្ចុ​រាជ​មិន​យក​ជីវិត​លោក​ឡើ​យ​។​ ​នៅ​ថ្ងៃ​ទី​៥ តុលា​ ​១៩៣៩ ក្បួន​រថ​យ​ន្ដ​របស់​លោក​ ​ហ៊ី​ត្លែ​រ​ ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​ក្រុង​ ​វ៉ា​សូ​ ​ប៉ូ​ឡូញ​ ​វិះ​នឹង​ត្រូវ​វាយ​ប្រហារ​គ្រាប់បែក​របស់​ទាហាន​ប៉ូ​ឡូ​ញ​។​ ​ដោយសារ​អាយុ​ថ្លៃ​ ​លោក​ហ៊ី​ត្លែ​រ​ ​ត្រូវ​ពលរដ្ឋ​មួយ​រូប​ចៃ​ដ​ន្យ​ធ្វើ​ឱ្យ​បែក​ធ្លាយ​គម្រោង​ ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នោះ​។
ក្នុង​៥០លើក​ធ្វើ​ឃាត​លោក​ហ៊ី​ត្លែ​រ​ ​គម្រោង​ធ្វើ​ឃាត​ដែល​គេ​ចាត់​ទុក​ថា​ ​“ឆ្កួ​តៗ​បំផុត​” នោះ​ ​គឺ​ប្រើ​ស្រី​ស្អាត​របស់​ទាហាន​អា​មេ​រិ​ក​ក្នុង​ការ​ធ្វើ​ឃា​ត​។​ ​កង​កម្លាំង​សម្ងាត់​អា​មេ​រិ​ក​បាន​ពង្រាយ​រូប​ភាព​ស្រើបស្រាល​ជុំ​វិញ​វិមាន​របស់​លោក​ហ៊ី​ត្លែ​រ​ ​ដោយ​សង្ឃឹម​ថា​ ​ជន​ឈាម​ត្រជាក់​រូប​នោះ​នឹង​ចាប់​អារម្មណ៍​ ​តែ​ទី​បំផុត​ក៏​ត្រូវ​បរាជ័យ​ទាំង​ស្រុ​ង​។
ទោះបី​លោក​ហ៊ី​ត្លែ​រ​ ​មាន​អាយុ​ថ្លៃ​អាច​គេច​ផុត​រាល់​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទាំងឡាយ​ដោយសារ​តែ​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ស្លូត​ត្រង់​រាប់​លាន​នាក់​ ​តែ​ទី​បំផុត​លោក​មិន​បាន​ស្លាប់​នៅ​ក្រោម​ដៃ​សត្រូវ​ឡើយ​ ​គឺ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ​ដោយ​បាញ់​ចំ​ក្បា​ល​។



ព្រះ​រាជា Zog​ ​I របស់​អា​ល់​បា​នៀ​រួច​ផុត​ពី​ការ​លួច​ធ្វើ​ឃាត​៥៥លើក​ ​និង​សម្លាប់​ឃាត​ក​ដោយ​ផ្ទាល់​ដៃ​ទៀត​ផង
ព្រះ​រាជា Zog​ ​I អូស​បន្លាយ​រ​យៈ​ពេល​ចាប់​ពី​ឆ្នាំ​១៩២៨-១៩៣៩។ ក្នុង​រ​យៈ​ពេល​៤ឆ្នាំ​ ​គ្រង​រាជ​ព្រះ​រាជា​ ​“សំណាង​អាក្រក់​” អង្គ​នេះ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សត្រូវ​រហូត​ដល់​៥៥លើ​ក​។​ ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ដ៏​ធ្ងន់​បំផុត​នៅ​ឆ្នាំ​១៩៣១ ពេល​ដែល​ព្រះ​រាជា Zog​ ​I ចាក​ចេញ​ពី​រោង​មហោស្រព​វៀន​ណា​ ​ស្រាប់តែ​ជន​ល្មើស​សម្រុក​ចូល​រថ​យ​ន្ដ​របស់​ខ្លួ​ន​។​ ​ភ្លា​មៗ​នោះ​ ​ព្រះ​រាជា Zog​ ​I ក៏​ដក​កាំភ្លើង​បាញ់​សម្លាប់​តែ​ម្ដ​ង​។


ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ ​លោក​ ​អា​រ៉ា​ហ្វា​ត
អតីត​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ ​អា​រ៉ា​ហ្វា​ត​ ​ដែល​ជា​ស្មារតី​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ពេល​ដែល​នៅ​រស់​រាន​មាន​ជីវិត​ ​ក៏​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន​ ​ដោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សត្រូវ​ដែ​រ​។​ ​ឆ្នាំ​១៩៨៥ ពេល​អ៊ី​ស្រា​អែ​ល​វាយ​ប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​វិមាន​ប្រធានាធិបតី​អា​រ៉ា​ហ្វា​ត​ ​សម្លាប់​មនុស្ស​៧៣នា​ក់​។​ ​ពេល​នោះ​ ​លោក​អា​រ៉ា​ហ្វា​ត​ ​ទើប​តែ​ចាក​ចេញ​ពី​វិមាន​បាន​មួយ​សន្ទុះ​ប៉ុណ្ណោះ​។
កាល​ពី​ថ្ងៃ​ទី​៧ មេ​សា​ ​១៩៩២ យ​ន្ដ​ហោះ​របស់​ប្រធានាធិបតី​អា​រ៉ា​ហ្វា​ត​ ​បាន​ជួប​ព្យុះ​ខ្សាច់​យ៉ាង​ខ្លាំង​ពេល​ឆ្លង​កាត់​វាល​រហោ​ស្ថាន​លី​ប៊ី​។​ ​អាកាស​យា​និ​ក​២រូប​ ​និង​វិស្វករ​មួយ​រូប​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​យ​ន្ដ​ហោះ​នោះ​ ​ដោយ​ឡែក​លោក​អា​រ៉ា​ហ្វា​ត​ ​បាន​គេច​ផុត​ពី​សេចក្ដី​ស្លាប់​យ៉ាង​ចម្លែក​ ​គ្រាន់​តែ​រង​របួស​ស្រាល​សើ​ស្បែក​ប៉ុណ្ណោះ​។
មេ​ដឹកនាំ​ដ៏​មាន​ឥទ្ធិ​ពល​ ​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​លា​ចាក​លោក​នៅ​ថ្ងៃ​ទី​១១ វិ​ច្ឆិ​កា​ ​២០០៤ ក្នុង​វ័​យ​៧៥ឆ្នាំ​។​ ​ការ​ស្លាប់​របស់​លោក​រហូត​មក​ទល់​ពេល​នេះ​ស្ថិត​នៅ​អាថ៌​កំបាំង​ ​ហើយ​មិន​ទាន់​មាន​ការ​បក​ស្រាយ​នៅ​ឡើ​យ​។​ ​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ ​អា​រ៉ា​ហ្វា​ត​ស្លាប់​ដោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​របស់​អ៊ី​ស្រា​អែ​ល​៕


​ដោយ​: www.nokorwatnews.com

ព្រឹត្ដិការ​ណ៏អន្តរជាតិ
ព្រះអង្គម្ចាស់វីលៀមរៀបអភិសេក



ព្រះអង្គម្ចាស់វីលៀមបានរៀបអភិសេកជាមួយនាងខេត មីតដលថុននៅក្នុងភាពរុងរឿងដូចស្តេចនៅឯព្រះវិហារWestminster Abbey ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រហើយទូរទស្សនិកជនទូទាំងពិភពលោកបានតាមដានទស្សនារាជពិធីដ៏ធំបំផុតរបស់អង់គ្លេសក្នុង៣ទសវត្សរ៍មកនេះ។
ខេត ដែលពាក់រ៉ូបសជាមួយនឹងអាវដៃវែងនិងមានស្បៃគ្របពីលើផងនោះ បានឈរនៅតុមួយជាមួយអ្នកនៅលំដាប់ទី២សំរាប់រាជបល័ង្កអង់គ្លេស។

អនាគតស្តេចនិងមហាក្សត្រីអង្គនេះបានប្រកាសយ៉ាងឱឡារិកថា“ខ្ញុំនឹងយកគ្នាជាប្តីប្រពន្ធ”មុនពេលវីលៀមដាក់ចិញ្ចៀនធ្វើពីមាសវ៉េលស៍ទៅក្នុងម្រាមដៃភរិយារបស់ខ្លួននិងបន្ទាប់មកអាចារ្យ ឃែនធឺប៊ឺរី រ៉ូវ៉ាន វីលៀមបានប្រកាសថាពួកគេជាប្តីប្រពន្ធនឹងគ្នាហើយ។
នៅពេលសមុទ្រមនុស្សរាប់រយពាន់នាក់បក់ទង់អង់គ្លេសនៅក្រុងឡុងដ៍ នាងខេតបានបក់ដៃទៅហ្វូងមនុស្សនៅពេលនាងបានទៅដល់វិហារជាមួយឪពុកនាងលោកម៉ៃឃើលក្នុងរថយន្តRolls-Royce។

នាងបានចំណាយពេល៤នាទីដើម្បីដើរតាមច្រកដើរដែលអមដោយដើមឈើរ។វីលៀម អាធឺ ហ្វីលីព ល្វី បុត្រច្បងរបស់ដាយអាណានិងជាអ្នកនៅលំដាប់ទី២សំរាប់រាជបល័ង្កអង់គ្លេសបានទៅដល់ព្រះវិហារ៤៥នាទីមុនដោយមានការអមដំណើររបស់ព្រះអនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ហារី។
តែទោះជាយ៉ាងណា នាងខេតមិនបានសន្យាគោរពប្តីក្នុងការប្តេជាអាពាហ៍ពិពាហ៍ទេ ដោយបានធ្វើតាមដាយអាណា ដែលបានរៀបការជាមួយព្រះអង្គម្ចាស់ឆាលកាលពីឆ្នាំ១៩៨១។ឆាលនិងដាយអាណាបានលែងលះគ្នានៅ១៥ឆ្នាំក្រោយមក។

ព្រះអង្គម្ចាស់វីល្លៀមដែលត្រូវរៀបអភិសេកនាថ្ងៃទី២៩ មេសា ជាមួយនាង KATE MIDDELTON មានប្រជាប្រិយភាពខ្លាំងជាងព្រះបិតាព្រះអង្គម្ចាស់ឆាល ហើយពលរដ្ឋអង់គ្លេសកាន់តែច្រើនយល់ថា បុត្រាច្បងនេះគួរត្រូវឡើងគ្រងរាជ្យជំនួសព្រះបិតាផង បន្ទាប់ពីព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ។

ក្នុងការស្ទាបស្ទង់មតិមួយកាលពីខែវិច្ឆិកាកន្លងមកនេះ របស់វិទ្យាស្ថាន YOUGOV បង្ហាញថា ពលរដ្ឋអង់គ្លេស៦៩% ដែលគេបានសាកសួរអះអាងថា ព្រះអង្គម្ចាស់ វីល្លៀម នឹងក្លាយជាព្រះមហាក្សត្រដ៏ល្អមួយទល់នឹង៣៨% ប៉ុណ្ណោះសម្រាប់ព្រះអង្គម្ចាស់ឆាល ។ ពលរដ្ឋអង់គ្លេសកាន់តែច្រើនឡើងដែរយល់ថា បុត្រាច្បងរបស់ព្រះអង្គម្ចាស់ឆាល គួរក្លាយជាព្រះមហាក្សត្រជំនួយព្រះបិតា (៤៦%ទល់នឹង៤០%) ។ ក៏ប៉ុន្តែក្បួនច្បាប់នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ចក្រភពអង់គ្លេសគឺច្បាស់លាស់បំផុត គឺវាមានភ័ព្វវាសនាតិចណាស់ដែលព្រះអង្គម្ចាស់វីល្លៀមអាចឡើងគ្រងរាជ្យដោយត្រង់តែម្តង ក្រោយព្រះអយ្យិកាអេលីហ្សាប៊ែត ទី២ ចូលទិវង្គត ។ សម្រាប់អ្នកឯកទេសទាំងឡាយយល់ថា ការដាក់រាជ្យជាយថាហេតុរបស់ព្រះអង្គម្ចាស់ឆាល ដើម្បីឱ្យបុត្រាច្បងបានឡើងគ្រងរាជ្យពុំបានគ្រោងឡើយ ពីព្រោះវានឹងនាំឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ៕

ដោយ: www.cen.com.kh

Monday, April 25, 2011

វិចារណកថា
កម្ពុជាត្រូវបន្ដជួយខ្លួនឯងមុនពេលអន្ដរាគមន៍ពីអន្ដរជាតិ





ភាសាការទូតរបស់បណ្ដាប្រទេសអាស៊ាន ប្រទេសមហាអំណាចនិងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានអំពាវនាវកម្ពុជានិងសៀមឱ្យខំអត់ធ្មត់ឈប់ប្រើអាវុធហើយងាកមករកផ្លូវចរចាដោយសន្ដិវិធីក្នុងសង្គ្រាមឈ្លានពាន របស់សៀមមកលើកម្ពុជាបច្ចុប្បន្ន ពុំមានឥទ្ធិពលអ្វីមកលើចោរសៀមនេះទេ។ ពួកចោរសៀមឈ្លានពាននៅតែបន្ដវាយប្រហារមកលើទីតាំងយោធាកម្ពុជានិង បាញ់ផ្លោងមកលើភូមិប្រជាជនកម្ពុជារាល់ថ្ងៃ ហើយកាន់តែសាហាវជាងប៉ុន្មានថ្ងៃមុនទៀត។ ការប្រឈមមុខដោយប្រដាប់អាវុធរបស់ភាគីទាំងពីរនៅតែបន្ដបែបនេះ ជាការបិទផ្លូវការចរចាដោយសន្ដិវិធីទាំងស្រុង គឺគ្រប់យ៉ាងស្ថិតនៅក្នុង សភាពទ័លច្រកទាំងអស់។

ប្រទេសកម្ពុជាបានជូនដំណឹងអំពីការផ្ទុះអាវុធឈ្លានពានរបស់សៀមមកលើ កម្ពុជាទៅប្រទេសឥណ្ឌូនេស៊ីជាប្រធានសមាគមអាស៊ាន និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិតាំងពីថ្ងៃសៀមផ្ដើមបាញ់ផ្លោងជាដំបូងនៅព្រឹកព្រលឹមថ្ងៃទី២២ មេសាម្ល៉េះ , ប៉ុន្ដែរហូតមកទល់ពេលនេះ ស្ថាប័នទាំងពីរនៅតែស្ថិតក្នុង សភាពស្ងាត់ស្ងៀម គឺពុំមានចាត់វិធានការបន្ទាន់ណាមួយដើម្បីជួយរំលត់ឬទប់ស្កាត់ភ្លើងសង្គ្រាមទុរយសរបស់ចោរសៀមនៅឡើយ។ រដ្ឋមន្ដ្រីការបរទេសឥណ្ឌូ នេស៊ី ជាប្រធានអាស៊ានដែលថ្ងៃម្សិលគ្រោងនាំគម្រោងផែនការបញ្ជូននិងដាក់ ប្រតិបត្ដិការនៃក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកកម្ពុជា ក៏បានលុបចោលភ្លាមៗទាំងព្រលឹម ដោយគ្មានប្រាប់ហេតុផលណាមួយជាក់លាក់ដែរ។ ប្រធាន ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិពុំមានបង្ហាញផែនការណាមួយនៅ ឡើយក្រោយកម្ពុជាបានជម្រាបដំណឹងដដែលរយៈពេល៤ថ្ងៃមកហើយ។ ឯលោក អគ្គលេខាធិការអង្គការសហប្រជាជាតិគ្រាន់តែបានអំពាវនាវបែបការទូតធម្មតា គឺឱ្យកម្ពុជានិងសៀមបញ្ឈប់ការប្រយុទ្ធហើយនាំគ្នាចរចាដោយសន្ដិវិធីដូចការ អំពាវនាវពីបណ្ដាប្រទេសមួយចំនួនដូច្នេះដែរ។

ទោះជាមានការអំពាវនាវពីជុំទិសយ៉ាងនេះក្ដី ប្រទេសសៀមនៅតែគឃ្លើនបាញ់ ផ្ដក់គ្រាប់ផ្លោងធុនធ្ងន់គ្រប់ប្រភេទចូលមកទឹកដីកម្ពុជាជាបន្ដបន្ទាប់ក្នុងរង្វង់ពី ៨០០ទៅជាង១.០០០គ្រាប់រៀងរាល់ថ្ងៃ បន្ទាប់ពីប្រើកងទ័ពថ្មើរជើងពុំមាន ប្រសិទ្ធភាពមកលើកម្ពុជាក្នុងប៉ុន្មានថ្ងៃមកនេះ។ ដូច្នេះ សង្គ្រាមសៀមឈ្លានពាន កម្ពុជាដោយកម្លាំងអាវុធនឹងនៅតែបន្ដយូរថ្ងៃជាយថាហេតុ ដ្បិតពេលនេះនៅក្នុង តំបន់ច្បាំងគ្នា ពុំមានវត្ដមានអន្ដរជាតិឡើយ។ ចោរសៀមកំពុងបន្ដយុទ្ធវិធីបង្វែរស្ថានការណ៍ចរចាទៅជាការផ្ទុះអាវុធរ៉ាំរ៉ៃ ប្រយោជន៍គម្រាមដល់ផែនការដាក់ ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីផង និងក៏ដើម្បីផ្សងព្រេងច្បាមយកទឹកដីកម្ពុជា ឱ្យបានខ្លះតាមដែលអាចធ្វើបានផង នៅមុនពេលអាចមានវត្ដមានភ្នាក់ងារអន្ដរជាតិមកកាន់តំបន់ជម្លោះតាមបណ្ដោយព្រំដែននៅថ្ងៃណាមួយនាពេលខាងមុខ។
បច្ចុប្បន្នកាល រដ្ឋាភិបាលសៀមបានប្រគល់ការងារគ្រប់យ៉ាងឱ្យទៅខាងយោធាទាំងស្រុង។ នៅកណ្ដាលក្រុងបាងកក កងរថក្រោះនិងទាហានហ្លួងរាប់ពាននាក់ បានដាក់ពង្រាយនៅទីតាំងសំខាន់ៗ តាំងពីមួយសបា្ដហ៍មុន ដោយមានទាំងធ្វើ សមយុទ្ធយោធានៅកណ្ដាលក្រុងនិងនៅតាមតំបន់ព្រំដែន ក្នុងហេតុផលរាក់កំផែល គឺដើម្បីការពាររាជបល្ល័ង្កដែលកំពុងទ្រុឌទ្រោមយ៉ាងគំហុកនោះ។ នៅតាមខ្សែបន្ទាត់ព្រំដែនវិញ ចោរសៀមបានបើកការវាយប្រហារកម្ពុជាជាទ្រង់ទ្រាយធំ ក្នុងហេតុផលមិនសមទំនងគឺចោទកងទ័ពកម្ពុជាឆ្លងបន្ទាត់ព្រំដែនចូលទឹកដី សៀមទើបសៀមផ្ទុះអាវុធការពារខ្លួន។ ប៉ុន្ដែ ហេតុផលផ្ដេសផ្ដាស់ (ប្រទេសកម្ពុជាតូច ឈ្លានពានចូលទឹកដីសៀមប្រទេសធំ ) ដូចនេះ វាពុំអាចបិទបាំងមុខមាត់ពិតរបស់ចោរសៀមឧក្រិដ្ឋបានទេ ។

ដោយសារថា សហគមន៍អន្ដរជាតិ និងប្រទេសឥណ្ឌូនេស៊ីពុំបានឆ្លើយតបជា វិជ្ជមានភ្លាមៗលើការទប់ស្កាត់ការផ្ទុះអាវុធឈ្លានពានរបស់សៀមនេះ ធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែអាក្រក់ទៅៗរហូតដល់អាចក្លាយជាមហាសង្គ្រាមឈ្លានពានដែលនឹងអូសបន្លាយពេលទៅមុខថែមទៀត។ ក្នុងស្ថានភាពបែបនេះ កម្ពុជា ពុំមានជម្រើសអ្វីក្រៅពីខំការពារបូរណភាពដែនដីរបស់ខ្លួន គឺត្រូវទប់ទល់ នឹងចោរសៀមតាមពេលវេលាជាក់ស្ដែង។ វាពិតណាស់ហើយថា សហគមន៍ អន្ដរជាតិពុំអាចធ្វើអ្វីបានភ្លាមមួយរំពេចនៅលើបញ្ហាដ៏ធំដូចករណីចោរសៀមទន្ទ្រានព្រំដែនកម្ពុជានេះទេ ប៉ុន្ដែវាពិតជាត្រូវចំណាយពេលខ្លះជាពុំខាន។ ដូច្នេះ ក្នុងពេលចន្លោះប្រហោងពីអន្ដរាគមន៍របស់សហគមន៍អន្ដរជាតិ កម្ពុជាមានតែ ជួយខ្លួនឯងជាចាំបាច់ ដូចដែលកងយោធពលខេមរភូមិន្ទកំពុងបង្ហាញវីរភាពរបស់ខ្លួនដោយខំទប់ស្កាត់ចោរសៀមប្រដាប់អាវុធប្រកបដោយប្រសិទ្ធភាពនៅពេល នេះជាភស្ដុតាងស្រាប់។ ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវជម្រុញដំណោះស្រាយចោរសៀមឈ្លានពាននេះតាមវិធានការសរុប នុ៎ះគឺការបន្ដជូនដំណឹងនៃព្រឹត្ដិការណ៍ឈ្លានពានរបស់សៀមនេះទៅក្រុមប្រឹក្សាសន្ដិសុខអង្កការសហប្រជាជាតិ និងរួសរាន់ជូនសំណើទៅតុលាការយុត្ដិធម៌អន្ដរជាតិដើម្បីសុំជួយពន្យល់អំពីខ្លឹមសារនៃសាលដីកាប្រាសាទព្រះវិហារជាចាំបាច់។
នគរវត្ដជឿថា ចោរសៀមនឹងពុំអាចបន្ដសង្គ្រាមទុច្ចរិតឈ្លានពានកម្ពុជាយូររាប់ឆ្នាំទេ នៅចំពោះមុខនៃការការពារខ្លួនដ៏អង់អាចរបស់កម្ពុជាយើង។ នៅពេល មានអន្ដរាគមន៍ពីសហគមន៍អន្ដរជាតិនៅពេលខាងមុខ ក្រុមចោរសៀមពិតជា ត្រូវរលាយផែនការឈ្លានពានកម្ពុជាជាយថាហេតុ ៕

ដោយ: www.nokorwatnews.com

Sunday, April 24, 2011

ទេសចរណ៍
តំបន់ទេសចរណ៍គួរឲ្យចាប់អារម្មណ៍ប្រាំកន្លែងរបស់ សាំងហ្គាព័រ



តំបន់ទេសចរណ៍ក្រៅប្រទេស: ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលមានពេលវេលាខ្លីសម្រាប់ធ្វើដំណើរកម្សាន្តទៅប្រទេសក្រៅ ហើយចង់ជ្រើសរើសយកប្រទេស សាំងហ្គាព័រ ធ្វើជាគោលដៅខាងក្រោមនេះ គឺជាទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងចំណោមទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀត របស់ប្រទេសសាំងហ្គាព័រ ៖

១. សួនសត្វហាំងហ្គាព័រ “Singapore Zoo”: សួនសត្វសាំងហ្គាព័រ ស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍ដែលគួរឲ្យចង់ទៅលេងបំផុតក្នុងទ្វីបអាស៊ី។ ប្រសិនបើអ្នកទេសចរទាំងឡាយធ្វើដំណើរកម្សាន្តជាមួយក្មេងៗ ទីនេះហើយជាកន្លែងដែលគួរឲ្យចង់មកលេងកម្សាន្តជាងគេបំផុត។ សួនសត្វសាំងហ្គាព័រ ធ្លាប់ទទួលបាននូវការសរសើរពីទេសភាពល្វឹងល្វើយ និងធំទូលាយ ជាទីកន្លែងសត្វជាច្រើនប្រភេទរស់នៅខាងក្នុងតំបន់ហ៊ុមព័ទ្ធមួយ ដែលបង្កើតបានជាលំនៅស្ថានធម្មជាតិសម្រាប់សត្វទាំងនោះ។ សួនសត្វនេះ ផ្ទុកទៅដោយសត្វប្លែកៗដែលកម្របានឃើញជាច្រើន ដូចជា ខ្លាសម្បុរ ស ខ្លាឃ្មុំប៉ូល និងដំរីអាស៊ី ៘
បន្លែមលើនេះទៀត សួនសត្វរាត្រីចររបស់សាំងហ្គាព័រ គឺជាវត្ថុទាក់ទាញទេចរណ៍មួយនៅក្នុងចំណោមវត្ថុទាក់ទាញទេសចរណ៍វិសេសជាងគេបំផុត របស់ប្រទេសសាំងហ្គាព័រ។ សួនសត្វរាត្រីចរ “Night Safari” គឺជាកន្លែងទាក់ទាញតាមបែបដំណើរកម្សាន្តពេលរាត្រីដំបូងគេរបស់ពិភពលោក។ អ្នកទេសចរអាចទទួលបានបទពិសោធន៍អំពីជីវិតសត្វព្រៃ ដោយការជិះ រថយន្តអគ្គិសនីរយៈពេល ៤៥ នាទី ឬអាចជ្រើសរើសយកដំណើរកម្សាន្តដោយថ្មើរជើងណាមួយ ក្នុងចំណោមដំណើរកម្សាន្ត ដោយថ្មើរជើងចំនួនបី ដើម្បីទស្សនាឲ្យបានយល់ច្បាស់ពីឧទ្យាន ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រគ្របដណ្តប់ដោយព្រៃឈើសួន ចំនួនសែសិបហិតា។ ការទស្សនាជំពូកសត្វខុសៗគ្នាជាងមួយរយប្រភេទ នៃសត្វរាត្រីចរ (រួមមានខ្លាល្មុង “leopards” តោ “Lions” និងខ្លាដំបង “Tigers”) គឺពិតជាគួរឲ្យភ្ញាក់ផ្អើលបំផុត និងជាអ្វីមួយដែលអ្នកទស្សនាតែងតែនឹងចងចាំជាប់ជានិច្ច។

២. ឧទ្យានសត្វស្លាបជូរ៉ង “Jurong Bird Park”: ប្រសិនបើអ្នកទេសចរមានអារម្មណ៍ធុញទ្រាន់នឹងហាងទំនិញ ឬ ភោជនីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសសាំងហ្គាព័រ គេអាចងាកមកសាកល្បងទស្សនាឧទ្យានសត្វស្លាបជូរ៉ង របស់ប្រទេស សាំងហ្គាព័រ។ ឧទ្យានសត្វស្លាបជូរ៉ង គឺជាឧទ្យានដែលធំទូលាយបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច និងមានចំនួនបក្សីជាង ប្រាំមួយរយប្រភេទតាំងនៅ។ ភ្ញៀវទេសចរទាំងឡាយ អាចជិះយន្តដែលប្រដាប់ដោយម៉ាស៊ីនត្រជាក់ប្រភេទផាណររៀល “Panorail” ដើម្បីទស្សនាឧទ្យាននេះ យ៉ាងសប្បាយរីករាយ។ ប៉ុន្តែ គេក៏អាចទស្សនាការតាំងបង្ហាញសត្វផេនឃ្វីន និងរូបភាព នៃទេសភាពក្រោមផ្ទៃទឹកផងដែរ។

៣. កោះសិនតូសា “Sentosa”: កោះសិនតូសា ស្ថិតនៅភាគខាងត្បូងកោះធំសាំងហ្គាព័រ។ ទីកន្លែងនេះ គឺជាទីកន្លែដែលគួរតែទៅលេងកម្សាន្តមួយផ្សេងទៀត ដោយសារតែវាមានរមណីយដ្ឋានឆ្នេរខ្សាច់កោះសិនតូសា “Sentosa beach resort” ដ៏ល្បីល្បាញរបស់ប្រទេសសាំងហ្គាព័រ។ អ្នកទេសចរដែលចង់ចំណាយពេលវេលានៅលើឆ្នេរខ្សាច់ និងអានសៀវភៅ ល្អណាមួយ គឺគ្មានទីកន្លែងណាដែលប្រសើរជាងឆ្នេរខ្សាច់សិនតូសានេះទេ។
មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះមានសេវាកម្មសណ្ឋាគារល្អៗជាច្រើន (ដូចជាសណ្ឋាគារ រ៉ាសា សិនតូសា “Rasa Sentosa” ជាដើម) ដែលផ្តល់ជូននូវទីកន្លែងស្នាក់នៅយ៉ាងស្រស់ប្រណីត។ ក្រៅពីនេះ អ្នកទេសចរក៏អាចទៅទស្សនាវត្ថុបុរាណ ដែលបន្សល់ទុកពីសម័យសង្គ្រាមលោកលើកទីពីរក្នុងប្រទេសសាំងហ្គាព័រ ឬទៅលេងកម្សាន្តនៅពិភពបាតសមុទ្រ ជាទីដែលសត្វ សមុទ្រជាច្រើនប្រភេទរស់នៅផងដែរ។

៤. សួនរុក្ខជាតិសាំងហ្គាព័រ “The Singapore Botanic Garden”: ក្នុងចំណោមទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចង់ទៅលេងកម្សាន្តជាងគេបំផុតក្នុងប្រទេសសាំងហ្គាព័រ ក៏រួមមានសួនរុក្ខជាតិសាំងហ្គាព័រផងដែរ។ សួនទាំងនេះ គឺជាឧទ្យានដែលមានលក្ខណៈត្រសុំត្រសាយខៀវស្រងាត់ និងបញ្ចេញសម្រស់បែបធម្មជាតិ គ្របដណ្តប់លើផ្ទៃដីហាសិបពីរហិតា។
សួននេះ គឺគេអាចធ្វើដំណើរពីផ្លូវហូឡង់ “Holland Road” និងផ្លូវគ្លូនី “Cluny Road” ដែលស្ថិតនៅជាប់ខាងលិចផ្លូវអរឆាត “Orchard Road” ។ ឧទ្យាននេះ គឺជាទីតាំងដ៏ធំសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយណា ដែលមានបំណងចង់បាន ពេលវេលាសប្បាយរីករាយនៅទីកន្លែងដ៏ល្ហែល្ហើយមួយ ដែលមានបំណងចង់ទៅរត់ហាត់ប្រាណ ឬដែលមានបំណងចង់រៀបចំកន្លែងបង្កើតកម្មវិធីពិសាអាហារបែបកម្សាន្តខាងក្រៅ។ សួនរុក្ខជាតិទាំងនេះ ហាក់មានសភាពប្លែកពីគេបន្តិច ដោយសារវាផ្ទុកទៅដោយភូតគាមផ្សេងៗ ដែលបានមកពីបរិយាកាសខុសៗគ្នាទាំងមូល។

៥. ឧទ្យានហាវ ផា វីឡា “Haw Par Villa”: ឧទ្យានហាវ ផា វីឡា គឺជាទីតាំងទេសចរណ៍សំខាន់មួយនៅក្នុងប្រទេស សាំងហ្គាព័រ។ នៅទីនេះ អ្នកទេសចរអាចអានរឿងបុរាណ ឬរឿងព្រេងខុសៗគ្នាជាច្រើន នៃវប្បធម៌ចិននៅទីនេះ។ ជាងនេះទៅទៀត អ្នកទេសចរនឹងត្រូវបានផ្តល់ការកម្សាន្តរីករាយដោយការលោតម៉ុងសាយ ឬការសម្តែងវប្បធម៌ផ្សេងៗទៀត ព្រមទាំងដំណើរកម្សាន្តតាមទឹកដោយជិះទូកក្បាលនាគផងដែរ។
ដូច្នេះ ភាពសប្បាយរីករាយនៅក្នុងប្រទេសសាំងហ្គាព័រគ្មានទីបញ្ចប់ឡើយ ព្រោះមានទីកន្លែងដែលគួរឲ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់លេងកម្សាន្ត និងបន្ធូរអារម្មណ៍។ ប៉ុន្តែ តំបន់ដែលបានរៀបរាប់ទាំងប្រាំខាងលើនេះ គ្រាន់តែជាការបង្ហាញមួយ ដើម្បីទុកជាការជ្រើសរើសប៉ុណ្ណោះ។ ដូច្នេះ សូមកុំភ្លេចស្រាវជ្រាវឯកសារមុនពេលដែលលោកអ្នកធ្វើដំណើរទៅកាន់ប្រទេស សាំងហ្គាព័រ និងត្រូវស្វែងយល់ឲ្យបានច្បាស់ពីទីកន្លែងល្អៗបំផុត សម្រាប់លេងកម្សាន្ត មុនពេលដែលលោកអ្នកសម្រេចចិត្ត ចំណាយពេលវេលាទៅកម្សាន្តទីកន្លែងដែលបានរៀបរាប់ខាងលើនេះ។ សូមឲ្យដំណើរកម្សាន្តរបស់លោកអ្នកប្រកបដោយភាព សប្បាយរីករាយ៕

ដោយ : www.cen.com.kh
បទអត្ថាធិប្បាយ
អាស៊ានមិនគួរបណ្តោយឱ្យថៃក្រឡុកទេ !




ភ្នំពេញ: ការផ្ទុះអាវុធរយៈពេល៣ថ្ងៃចុងក្រោយនេះបានបង្ហាញអំពីភាពធ្ងន់ធ្ងរនៃជម្លោះព្រំដែនកម្ពុជាថៃ។ សង្គ្រាមទ្រង់ទ្រាយធំដែលធ្វើឱ្យជីវិតមនុស្សបាត់បង់យ៉ាងច្រើនបែបនេះជាទំនួលខុសត្រូវរបស់អាស៊ាន និងក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដោយមិនអាចប្រកែកបានពីព្រោះកម្ពុជាបានប្រកាសប្រាប់អំពីគ្រោះថ្នាក់នេះប្រាប់ទៅអង្គការសហប្រជាជាតិតាំងពីដើមឆ្នាំនេះមកម្ល៉េះ ហើយក្រុមប្រឹក្សាសន្តិសុខក៏បានកោះប្រជុំរួចហើយដែរកាលពីថ្ងៃទី១៤កុម្ភៈឆ្នាំ២០១១។

ដោយមិនអាចមើលរំលងសមាគមអាស៊ានបានក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិក៏បានប្រគល់អាណត្តិក្នុងការសម្របសម្រួលនិងជាពិសេសពិនិត្យមើលបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងទាហានកម្ពុជានិងថៃ។ ប៉ុន្តែ ដោយហេតុថា អាស៊ានគ្មានយន្តការ និងអំណាចដោះស្រាយរឿងបែបនេះបាន ការប្រគល់ងាណត្តិឱ្យអាស៊ានមិនខុសអ្វីពីការផ្តល់ឱកាសឱ្យថៃក្រឡុកនិងបន្តសកម្មភាព ឈ្លានបានរបស់ខ្លួនមកលើកម្ពុជាជាបន្តទៀត។

ជាក់ស្តែង គ្រាន់តែរឿងអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលបានព្រមព្រៀងគ្នាតាំងពីថ្ងៃទី២២កុម្ភៈ ថៃបានអូសបន្លាយបញ្ហានេះមកទល់នឹងសព្វថ្ងៃ។ ឥឡូវនេះ អ្វីៗបានបង្ហាញច្បាស់ហើយ នៅក្នុងពេលអវត្តមានរបស់អ្នកសង្កេតការណ៍អាស៊ានដើម្បីធ្វើជាសាក្សី ថៃបានឆ្លៀតបើកការវាយប្រហារទ្រង់ទ្រាយធំមកលើកម្ពុជាក្រោមលេសដដែលៗគឺ «ចោរស្រែកឱ្យគេចាប់ចោរ»។ តើអាស៊ានគួរមានការទទួលខុសត្រូវប៉ុណ្ណាក្នុងរឿងនេះ?

កាលពីថ្ងៃម្សិលមិញ មានការជូនដំណឹងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាកទី ណាតាលេហ្គាវ៉ា (Marty Natalegawa) ដែលជាប្រធានអាស៊ាន នឹងមកដល់កម្ពុជាថ្ងៃនេះដើម្បីសម្រេចកិច្ចការមួយចំនួនអំពីការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកត្រួតពិនិត្យបទឈប់បាញ់រវាងកម្ពុជានិងថៃ។ ការមកដល់របស់លោកម៉ាកទីត្រូវបានគេរំពឹងថាជាអន្តរាគមន៍ដោយរួសរាន់មួយដែលបានធ្វើឡើងក្នុងពេលដែលស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ហើយដែល បង្ហាញពីទំនួលខុសត្រូវមួយដែលអាស៊ានមិនអាចនៅស្ងៀមបានពីព្រោះ
អាស៊ានត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជាថៃពីព្រោះខ្លួនបានទទួលអាណត្តិពីអង្គការសហប្រជាជាតិ។
ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺគំរោងមកដល់កម្ពុជាថ្ងៃនេះរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបែរជាផ្អាកទៅវិញដោយមិនបានប្រាប់ពីមូលហេតុ។ ទោះបីជាឥណ្ឌូនេស៊ីមិនប្រាប់ពីមូលហេតុក៏គេអាចយល់បានដែរគឺគ្មានអ្វីក្រៅពីការ
ជំទាស់ពីភាគីថៃនោះឡើយ។ គេប្រហែលជាត្រូវរង់ចាំដល់សេះដុះស្នែងហើយមើលទៅទម្រាំតែថៃថាអូខេ។

ដូច្នេះ ក្នុងករណីដែលអាស៊ានគ្មានសមត្ថភាពដោះស្រាយបញ្ហាបាន អាស៊ានត្រូវតែរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិជាបន្ទាន់ដើម្បីមានវិធានការ។ ការបណ្តែតបណ្តោយឱ្យកម្ពុជាបន្តរងគ្រោះដោយសារថៃក្នុងពេលដែលកម្ពុជាបានប្តឹងទៅសហប្រជាជាតិឱ្យអន្តរាគមន៍រួចហើយនោះជាកំហុសធ្ងន់ធ្ងររបស់អាស៊ាន និងសហប្រជាជាតិ !

ដោយ : www.cen.com.kh

Saturday, April 23, 2011

មនុស្សធម៌
លោកជំទាវ ហ៊ុន ម៉ាណា ផ្ដល់វិភាគទានរថយន្ដ ២គ្រឿងប្រគេនអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ



ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (ទឹកវិតាល់) បានផ្ដល់វិភាគទានរថយន្ដ១៥កៅអីចំនួន២គ្រឿង ប្រគេនថ្វាយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមព្រះអធិបតីសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិ ដែលពិធីប្រគល់រថយន្ដនេះប្រព្រឹត្ដទៅកាលពីព្រឹកម្សិលមិញនេះ នៅវត្ដចំពុះក្អែក ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែងថា ពិធីប្រគល់រថយន្ដដែលជាវិភាគទានរបស់អតិថិជន ដែលប្រើប្រាស់ទឹកវីតាល់ ប្រគេនថ្វាយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ចុះបំពេញបេសកកម្មតាមខេត្ដ ដើម្បីលើកកម្ពស់វិស័យពុទ្ធិកសិក្សាឱ្យរីកចម្រើនតាមសំណើចម្រើនពរ និងកង្វះខាតរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ រថយន្ដដែលប្រគេនថ្វាយជាថវិកាបានមកពីការដកប្រាក់ចំណូល២៥រៀលក្នុង១ដប ចេញ ពីការលក់ទឹកសុទ្ធវីតាល់ផងដែរ។ បើគ្មានអតិថិជនជួយគាំទ្រ និងប្រើប្រាស់ទឹកសុទ្ធវីតាល់ទេនោះ ក៏គ្មានការប្រារឰពិធីប្រគល់រថយន្ដវិភាគទាននេះដែរ។ ជាពិសេសយើងខ្ញុំទទួលបានការគាំទ្រយ៉ាងលើសលុប រហូតដល់អាចមានលទ្ធភាពប្រគេនថ្វាយរថយន្ដវិភាគទានដល់ទៅ២គ្រឿង។

លោកជំទាវបានបញ្ជាក់ថា ទឹកវីតាល់ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រតាមរយៈការផ្ដល់ការងារធ្វើជូនពលរដ្ឋខ្មែរ ព្រមទាំងការបរិច្ចាគជាប្រចាំនូវប្រាក់ចំណូលរបស់ក្រុមហ៊ុន ដើម្បីឧបត្ថម្ភដល់សកម្មភាពសង្គម និងចលនាមនុស្សធម៌ផងដែរ។

សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មានបន្ទូលថា អ្នកឱ្យយានមានឈ្មោះថា ឱ្យសេចក្ដីសុខដល់ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេសទេយ្យទានដែលមានតម្លៃកាត់ថ្លៃមិនបាននេះ សូមឱ្យលោកជំទាវ និងក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ទាំងបច្ចុប្បន្នភាព និងជាតិណាៗ ប្រកបតែសុខចម្រើនតរៀងទៅ។
សូមជម្រាបថា ក្រោយពេលបញ្ចប់ពិធីប្រគេនថ្វាយរថយន្ដរួចមក លោកជំទាវ ហ៊ុន ម៉ាណា ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥០០នាក់ ក្នុងនោះក៏មានពិធីចែកអំណោយជូនដល់ដូនជី តាជី ដែលអំណោយទាំងនោះរួមមានសារុង ក្រមា មី ទឹកដោះគោ តែស្កសរ និងថវិកាជាដើម៕

ដោយ : www.nokorwatnew.com

Friday, April 22, 2011

ភាពយន្ត
ខ្សែភាពយន្តសិចបែប3D ដំបូងក្នុងពិភពលោកមានចំណងជើងថា Sex and Zen នឹងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង




អ្នកនិយមមើលខ្សែភាពយន្តបាននាំគ្នាមក មើលខ្សែភាពយន្តសិចបែប3D ដែលនឹងដាក់ បញ្ជាំង ក្នុងរោងភាពយន្តទីក្រុងហុងកុងនាថ្ងៃព្រហស្បតិ៍នេះ ហើយមានរោងកុនមួយចំនួនលក់សំបុត្រអស់រួចជាស្រេចហើយ។ ខ្សែភាពយន្តដែលយកគំរូបែបធូររលុងនៃការអប់រំលើបញ្ហាសីលធម៌បែប 3D មួយនេះមានចំណងជើងថា Sex and Zen Entreme Ecstasy ដែលចំណាយប្រាក់ក្នុងការថតអស់៣,២លានដុល្លារ និងមានឈុតស្នេហាច្រើនគូ ឈុតស្នេហាលើទោង និងមានឈុតខ្លះទៀត បង្ហាញពីភាពត្រេកត្រអាលក្នុងការរួមមេត្រីជាមួយទេសភាពដ៏ស្រស់ស្អាតថែមទៀតផង ។
អ្នកដែលចូលចិត្តមើលរឿង អ្នកដើរតាមផ្លូវ អ្នកធ្វើការក្នុងការិយាល័យ ជនចូលនិវត្តន៍ និងមានសិស្សផងដែរនោះ បានឈរតំរង់ជួរគ្នានៅខាងក្រៅរោងដោយស្រេកឃ្លាន ទន្ទឹងរង់ចាំមើលសកម្មភាពក្នុងខ្សែភាពយន្តបែប3D មួយនេះ ។ ក្នុងចំណោមអ្នកចូលមើលនោះក៏មានស្រ្តីផងដែរ និងមិនបង្ហាញពីភាពអៀនខ្មាស់ក្នុងការមើលរឿងនោះឡើយ។ ខ្សែភាពយន្តដែលមានរយៈ១១៣នាទីនេស្ថិតនៅក្នុងប្រភេទទី៣ ក្នុងទីក្រុងហុងកុង និងត្រូវហាមប្រាមមនុស្សអាយុក្រោម១៨ឆ្នាំទស្សនា ។

ខ្សែភាពយន្តដែលថតក្នុងសម័យរជ្ជកាលមីង នេះជាខ្សែភាពយន្តនិយាយពី បុរសក្មេងម្នាក់ដែលចាប់ផ្តើមប្រឡូក ក្នុងពិភពល្បែងសេ្នហាដ៏សែនឆ្អែតឆ្អត់ហើយដឹងថា អតីតភរិយារបស់គេ ជាម្ចាស់ស្នេហាពិតក្នុងជីវិតរបស់ខ្លួន។ ក្នុងរឿងនោះក៏មានការចូលរួមពីសំណាក់តារាជប៉ុនពីររូបផងដែរគឺនាង Yukki Suo និងនាង Saori Hara។
ក្រៅពីទីក្រុងហុងកុង ខ្សែភាពយន្តនោះ នឹងត្រូវដាក់បញ្ចាំងនៅកោះតៃវ៉ាន់ក្នុងថ្ងៃសុក្រ និងកំពុងតែទទួលបានការចាប់ អារម្មណ៍ពីទី ផ្សារនានាក្នុងតំបន់អាស៊ី រួមមានប្រទេសជប៉ុន កូរ៉េ ជាងនោះទៅទៀតគឺមានប្រទេសក្នុងទ្វីបអឺរ៉ុប និងអាមេរិកផងដែរ នេះបើតាមសម្តីរបស់លោកអ្នកផលិតខ្សែភាពយន្ត។

ខ្សែភាពយន្តនោះធ្វើឱ្យគេនឹកឃើញពីខ្សែភាពយន្តមួយកាលពីឆ្នាំ១៩៩១ដែលស្ថិតនៅក្នុងលំដាប់ខ្ពស់ ក្នុងការពេញនិយមក្នុងចំណោមខ្សែភាពយន្តសិចហុងកុងដែរ ។ អ្នកដឹកនាំរឿងជាតិអ៊ីតាលី Tinto Brassបានប្រកាសថា ការផលិតខ្សែភាពយន្ត3D នោះយកគំរូតាមរឿងកាលពីឆ្នាំ១៩៧៩៕

ដោយ: www.kohsantepheapdaily.com.kh

Thursday, April 21, 2011

សិល្បៈ~វប្បធម៌
របាំព្រះរាជទ្រព្យៈមរតកវប្បធម៌ខ្មែរដែលកាត់ថ្លៃពុំបាន !




ភ្នំពេញ : ជាតិសាសន៍នីមួយៗ មុនបានក្លាយទៅជាជាតិសាសន៍ លុះត្រាតែមានវប្បធម៌ - អារ្យធម៌របស់ខ្លួនផ្ទាល់ បើពុំដូច្នោះទេ នឹងពុំអាចរក្សានូវអត្តសញ្ញាណដើមរបស់ជាតិខ្លួនបានឡើយ។
នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ជាតិសាសន៍ខ្មែរបានទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា តាមរយៈវិស័យពាណិជ្ជកម្មអន្តរជាតិ ហើយបានកែច្នៃប្រឌិតនូវអ្វីៗដែលមកពីក្រៅ ដើម្បីឲ្យសមស្របតាមប្រពៃណី ទម្រង់ ឬខ្នាតវប្បធម៌ - អារ្យធម៌ជាតិរបស់ខ្លួន ។ កត្តានេះជាគ្រឹះមូលដ្ឋាននៃដួងវិញ្ញាណជាតិ ព្រោះជាសញ្ញាសម្គាល់នូវលក្ខណៈសំយោគពិសេសរបស់វប្បធម៌នៃជាតិសាសន៍ខ្មែរ ។

ក្នុងន័យនេះ របាំព្រះរាជទ្រព្យ ក៏ដូចរបាំប្រពៃណីជាតិមួយចំនួនទៀតដែរ ដែលកើត ឡើងក្នុងអតីតកាលដ៏យូរលង់ ត្រូវបានជាតិសាសន៍ខ្មែរ ថែរក្សាឲ្យបានគង់វង្សរហូត ដល់សព្វថ្ងៃ ។ ទាំងនេះជាមរតកវប្បធម៌ខ្មែរ ដែលកាត់ថ្លៃពុំបាន ។ ថ្វីត្បិតតែសិល្បករ សិល្បការិនីពីជំនាន់មួយទៅជំនាន់មួយ ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែបច្ចេកទេសសិល្បៈនៃរបាំព្រះរាជទ្រព្យ ពុំបានផ្លាស់ប្តូរ ឬកែទម្រង់ឡើយ ។

លោកបណ្ឌិត មីសែល ត្រាណេ និយាយថា ប្រកពនៃរបាំព្រះរាជទ្រព្យខ្មែរ បានផ្សារ ភ្ជាប់ទៅនឹងប្រាង្គប្រាសាទ និងចម្លាក់សិលានៃអតីតព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានទឹកដីដ៏មហាធំធេងអស្ចារ្យ ហើយម្យ៉ាងទៀត ឫសកែវនៃរបាំព្រះរាជទ្រព្យ បានផ្សារភ្ជាប់នឹងរបបរាជានិយម និងព្រហ្មញ្ញសាសនា ដោយហេតុថា មរតកអរូបីនេះ គឺជាមធ្យោបាយពង្រឹងអំណាចកិត្យានុភាព និងព្រះជ័យចេស្តារបស់ព្រះមហាក្សត្រខ្មែរបុរាណ ។ កាយវិការ និងក្បាច់រាំ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាំ ឬស្រីទេពអប្សរជាដើមនាសម័យបច្ចុប្បន្ននេះ អាចប្រដូចស្ទើរតែគ្រប់ជ្រុងជ្រោយទាំងអស់ ទៅនឹងឥរិយាបថនៃចម្លាក់បុរាណ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន នៅសៀមរាប ឬប្រាសាទភិមាឃនៅថៃសព្វថ្ងៃ ។ រីឯរបាំ និងតូរ្យតន្ត្រីវិញ ក៏មានលក្ខណៈបុរាណដែរ ។
អំពីប្រភពនៃរបាំព្រះរាជទ្រព្យខ្មែរ យើងដឹងថា ដើមឡើយរបាំនេះមានលក្ខណៈពិសិដ្ឋ ដែលត្រូវបានប្រារឰឡើង ដើម្បីជាតង្វាយថ្វាយចំពោះព្រះអាទិទេព ។ដូចនៅប្រទេសឥណ្ឌាដែរ គេសម្តែងឈុតរបាំមួយចំនួនទៅកាន់អាទិទេព ដោយមានទាក់ទិនទៅនឹងប្រវត្តិសាវតាររបស់ទេវតានៃព្រហ្មញ្ញសាសនា ។ បន្ទាប់មកទៀតរបាំនេះ ក៏បានប្រារឰ ឡើងដើម្បីសម្តែងពីទេវកថាទាក់ទិនទៅនឹងព្រះមហាក្សត្រ ដែលគេប្រៀបផ្ទឹមទៅនឹងចេស្តារបស់ព្រះអាទិទេព ឬមហាវីរបុរសជាតិ ដែលបានការពារទឹកដីវប្បធម៌- អារ្យធម៌ជាតិ ។ ប្រការនេះមានន័យថា របាំព្រះរាជទ្រព្យ ឬរបាំហ្លួង (ស្តេច) មានប្រវត្តិស្មើនឹងប្រវត្តិសាស្ត្រជាតិខ្មែរ ។

លោកបានបន្តថា លក្ខណៈសម្បត្តិរបស់អ្នករាំស្រីអប្សរ ឬអ្នករបាំខ្មែរ គឺការធ្វើត្រាប់យ៉ាងប៉ិនប្រសប់ស្ទាត់ជំនាញ ។ កាយវិការនីមួយៗសុទ្ធសឹងតែមានន័យយ៉ាងប្រាកដ ប្រជាច្បាស់លាស់ ។ ដូចនេះហើយឥរិយាបថរបស់អ្នករបាំខ្មែរ មិនអាចកែប្រែជាដាច់ ខាតពីសម័យមួយទៅសម័យមួយទៀត ។ កាយវិការសំខាន់ជាងគេក្នុងរបាំព្រះរាជ ទ្រព្យ ឬរបាំអប្សរ (អប្សរា) គឺចលនាក្បាល, ដងខ្លួន, ដៃ និងម្រាមដៃ ដែលសិល្បករ ប្រារឰតាមគ្នាប្រមាណជា ២០០០ ឆ្នាំមកហើយ ដោយនិរន្តរភាពរបស់របបរាជាធិបតេយ្យ ។
នៅចុងសតវត្សរ៍ទី១៩ លោក និពន្ធ រ៉ូដាំង(បារាំង) ដែលបានទស្សនារបាំព្រះរាជទ្រព្យ ដែលសម្តែងនៅប្រទេសបារាំងបានពណ៌នាថា ស្រីរបាំខ្មែរបានបង្ហាញចំពោះយើងនូវអ្វីដែលបុរាណកាលបានបន្សល់ទុកជាកេរដំណែល ។ បុរាណភាពរបស់របាំនេះ ក៏ដូចបុរាណភាពរបស់ជាតិខ្មែរដែរ ។ យើងបានគយគន់របាំនេះអស់រយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងមានអារម្មណ៍ថា ហាក់បីដូចជាបានរស់នៅក្នុងអំឡុង ៣០០០ ឆ្នាំពីមុនអ៊ីចឹង ។ ក្នុងលោកយើងនេះ គ្មានមនុស្សជាតិណាទេ ដែលមានភាពស្ទាត់ជំនាញឥតខ្ចោះដូចអ្នករបាំខ្មែរ និងក្រិកនោះទេ ៕


ដោយ:
www.cen.com.kh
កសិកម្ម​
ការចិញ្ចឹម​ត្រី​អណ្តែង​លក្ខណៈ​គ្រួសារ​ជួយ​បង្កើន​ជីវភាព និង​កាត់បន្ថយ​បទល្មើស​នេសាទ



បាត់ដំបង: ​ម៉ា​ណោ​ក ជា​ភូមិ​មួយ​ស្ថិត​ក្នុងចំណោម​ភូមិ​ចំនួន​ប្រាំបួន ក្នុង​ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ភូមិសាស្ត្រ​ជាប់​ព្រៃរនាម នៃ​តំបន់​ទន្លេសាប ជា​តំបន់​ដែល​សម្បូរ​ណ៍​ទៅដោយ​ធនធានធម្មជាតិ និង​ជីវចំរុះ​ជាច្រើន ដូចជា បឹង អូរ ព្រែក មច្ឆា​ជាតិ សត្វ​សា្ល​ប សត្វ​ល្មូ​ន និង ព្រៃ​លិច​ទឹក ដែល​ជាទី​អាស្រ័យ​នៅ​របស់​ត្រី​និង​សត្វ​ផ្សេងៗ​ទៀត ដែល​រស់នៅក្នុង​ទឹក​សំរាប់​ធ្វើជា​ជំរក​នៅ​រដូវ​ពង​កូន ។ ភូមិ​ម៉ា​ណោ​កមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៣២៩ គ្រួសារ និង​មាន​មនុស្ស​ស្រី ៨៧១ នាក់ ។ មុខរបរ​សំខាន់ៗ​២​គឺ ធ្វើ​កសិកម្ម​ផង និង​នេសាទ​ផង ដោយសារតែ​នៅ​រដូវ​ទឹក​ឡើង គឺ​ទឹក​លិច​ភូមិ​និង​វាលស្រែ ។​
​ ​
នៅ​ឆ្នាំ​២០០៩ ប្រជាពលរដ្ឋ សហការ​ជាមួយ អាជ្ញាធរ​ភូមិ​ឃុំ ជំនាញ​ជលផល ដោយមាន​ការគាំទ្រ​ឧបត្ថម្ភ​ពី​អង្គការ ស៊ី​អេស​ឌី​អេស (CFDS) បានរួម​គ្នា​បង្កើត​សហគមន៍​នេសាទ​នៅ​ភូមិ​ម៉ា​ណោ​ក ដោយ​កំណត់​ព្រំប្រទល់​ផែនទី មាន​ផ្ទៃក្រឡា ១៨០៧២ ហិតា ក្នុងនោះ​មាន ៨០% ជា​ព្រៃ​លិច​ទឹក ។ មាន​កិច្ចព្រមព្រៀង លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ ដោយមាន​ការទទួលស្គាល់​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៩ ។ សហគមន៍​នេះ មាន​គណៈកម្មការ​គ្រប់គ្រង​ចំនួន ៧ រូប និង​សមាជិក ២១៧ នាក់ ស្រី ៨២ នាក់ ។​
​ ​
តាម​ប្រសាសន៍​លោក​ហ៊ឹម សា​រិម មេឃុំ​តា​លាស់​បាន​មានប្រសាសន៍ថា ដំបូង​ការគ្រប់គ្រង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​និង​ជលផល នៅក្នុង​ដែន​នេសាទ​សហគមន៍ មិនទាន់បាន​អនុវត្ត​ទៅតាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សហគមន៍​នៅឡើយ​ទេ ។ ព្រៃ​លិច​ទឹក​ក្នុង​ដែន​សហគមន៍​នេសាទ គឺ​ត្រូវបាន​កាប់បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម និង​កាប់​រាន​ព្រៃ​លិច​ទឹក​សំរាប់​ដាក់​គន្លង​បណ​រ៉ាវ នៅ​រដូវ​ទឹក​តំឡើង​ទាំង​រដូវ​បិទ និង​បើក​នេសាទ ។ មិនតែប៉ុណ្ណោះ​ទេ មានការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី និង​បូម​បាច​បឹង អូរ ព្រែក ដើម្បី​ចាប់យក​ត្រី​យ៉ាង​អ​នា​ធិ​តេ​យ្យ ។ អំពើ​នេះ​កើតឡើង​ដោយមាន​បុគ្គល​មួយចំនួន​មានអំណាច និង​មាន​លុយ​ឃុបឃិត​គ្នា មិន​អនុវត្ត​តាមច្បាប់​ជលផល ។ បើតាម​ការបញ្ជា​ក់រប​ស់លោក ច្រឹ​ក អេង ប្រធាន​សហគមន៍​នេសាទ​ភូមិ​ម៉ា​ណោ​ក ឲ្យ​ដឹងថា សកម្មភាព​បំផ្លិចបំផ្លាញ​ដ៏​គំហុគ​នេះ បានធ្វើ​ឲ្យ​ធនធាន​មច្ឆា​ជាតិ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ធ្វើ​ឲ្យ​អ្នកនេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ មិនអាច​ចាប់​ត្រី​បាន​នាំ​ឲ្យ​បាត់បង់​ប្រាក់ចំណូល ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ រហូត​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​ខ្វះខាត និង​មាន​កំណើន​អ្នក​ជាប់បំណុល កាន់តែច្រើន​ឡើងជា​លំដាប់ ។​

​លោក​នឿ​ម នូ​ត ប្រធាន​អង្គការ​មហាជន​មូលដ្ឋាន ភូមិ​ម៉ា​ណោ​ក (​ស៊ី​ប៊ី​អូ /CBO) បាន​មានប្រសាសន៍ថា ក្រោយពី​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល (​ហ្វេ​ក​/FACT) និង​តំណាង​សម្ព័ន្ធ​ប្រជា​នេសាទ​តំបន់​បឹង​ទន្លេសាប (​ធី​ហេ​ស្វ​អិន TFN) បាន​ចូលរួម​សម្របសម្រួល​បង្កើត​ក្រុម​ជួយ​ខ្លួនឯង (​សន្សំ​ប្រាក់​) និង​បានផ្តល់​វគ្គ​បណ្តុះបណ្តាល ផ្សព្វផ្សាយ ប្រជុំ​នៅក្នុង​ឃុំ​តា​លាស់ និង​ក្រៅ​ឃុំ​រួចមក បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នកនេសាទ​យល់ដឹង​ពី​ច្បាប់​ស្តីពី​ជលផល បរិស្ថាន និង​សារៈប្រយោជន៍ បើ​ការបង្កើត​អង្គការ​មហាជន​មូលដ្ឋាន ។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ សមាជិក​សហគមន៍​ភូមិ​ម៉ា​ណោ​ក និង​ភូមិ​ផ្សេងទៀត​ក្នុង​ឃុំ​មាន​ឆន្ទៈ​ចូលរួម​ការពារ​ថែរក្សា​ធនធាន​ជលផល​ក្នុង​សហគមន៍ ។​
​ ​
ដើម្បី​កាត់បន្ថយ​ការចាប់​ត្រី​ធម្មជាតិ​ក្នុង​បឹង ដែល​កំពុង​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយ​កត្តា​ផ្សេងៗ​និង​ដោយ​មានការ​បំផុសបំផុល​ពី​ជំនាញ​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ណែនាំ​អំពី​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​ត្រី​អណ្តែង ក្នុង​ស្រះ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ជលផល ក៏ដូចជា​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង​សំរាប់​ប្រជា​នេសាទ ក្នុងភូមិ​ម៉ា​ណោ​ក ។ តាម​ប្រសាសន៍​របស់លោក នឿ​ម នូ​ត បាន​បញ្ជាក់ថា អង្គការ​មហាជន​មូលដ្ឋាន​ភូមិ​ម៉ា​ណោ​ក និង​សម្ព័ន្ធ​ប្រជា​នេសាទ​ខេត្តបាត់ដំបង បានរៀបចំ​កិច្ចប្រជុំ​មួយ​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ ក្នុង​ការលើក​កំពស់​ការចិញ្ចឹម​ជីវិត​របស់​ប្រជា​នេសាទ ជាពិសេស លើ​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​លក្ខណៈ​គ្រួសារ ។​

​លោក​ស៊ិន សារ៉ូ​ត ប្រធាន​សង្កាត់​នេសាទ បាន​ប្រាប់​ឲ្យ​ដឹង​អំពី​បច្ចេកទេស នៃ​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជា​លក្ខណៈ​គ្រួសារ តាមបែប​ច្ចេកទេស​សាមញ្ញ​មាន ៩ ចំណុច​សំខាន់ៗ ដែល​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​ត្រី ហើយ​មាន​អ្នកនេសាទ​និង​កសិករ​មួយចំនួន បាន​នឹង​កំពុង​អនុវត្ត​ទទួលបាន​ជោគជ័យ ។ លោក​បានបញ្ជាក់​លើ ៩ ចំណុច​នោះ​មាន ទី​១៖ ជ្រើសរើស​ទីតាំង​កន្លែង​ចិញ្ចឹម ទី​២៖ រៀបចំ​អាង ឬ​ស្រះ​តូចៗ ដើម្បី​ចិញ្ចឹម​ត្រី ទី​៣៖ ការសំអាត​អាង ឬ​ស្រះ មុនពេល​ដាក់​កូន​ត្រី ទី​៤៖ ការលែង​កូន​ត្រី​ចូលក្នុង​អាង​ឬ​ស្រះ ទី​៥៖ ការ​ផ្សំ​ចំណី​និង​ផ្តល់​ចំណី​ដល់​កូន​ត្រី ទី​៦៖ ការថែរក្សា ស្រះ​ឬ អាង​ចិញ្ចឹម​ត្រី​និង​ការត្រួតពិនិត្យ​គុណភាព​ទឹក ទី​៧៖ វិធី​ការពារ​ជម្ងឺ​ត្រី ទី​៨៖ ការត្រួតពិនិត្យ​លើ​ការ​ធំធាត់​របស់​ត្រី និង​ទី​៩៖ ការប្រមូល​ផល​ត្រី ។​

​លោក​ហ៊ឹម សា​រិម មេឃុំ​តា​លាស់​បាន​បន្ថែមថា ការចិញ្ចឹម​ត្រី​អណ្តែង​នេះ បាន​រីក​រាលដាល​នៅក្នុង​ភូមិ​ម៉ា​ណោ​ក និង​ទូទាំង​ឃុំ​តា​លាស់ មាន​ចំនួន​ជាង ២៣ គ្រួសារ​រួចហើយ ហើយ​គ្រួសារ​មួយចំនួន​កំពុងមាន​ចំណាប់អារម្មណ៍​លើ​ការចិញ្ចឹម​ត្រី​អណ្តែង​នេះដែរ​។ ប្រាក់ចំណូល​ពី​ការចិញ្ចឹម​ត្រី​នេះ និង​បាន​ជួយ​កាត់បន្ថយ​ការធ្វើ​នេសាទ​ខុសច្បាប់ ការ​ជំពាក់​បំណុល​ពី​ឈ្មួញកណ្តាល និង​កាត់បន្ថយ​ការនេសាទ ទាញយក​ផល​ត្រី​ធម្មជាតិ​នៅក្នុង​បឹង​ទន្លេសាប ៕​

ដោយ: www.cen.com.kh
ការ​ស្រាវជ្រាវ​​
ទទួលទានចេកមួយថ្ងៃ៣ផ្លែជួយកាត់បន្ថយ ការប្រឈមមុខនឹងជំងឺសរសៃឈាមខួរក្បាលស្ពាធ



យល់ដឹង ៖ ការប្រទះឃើញរបស់អ្នកស្រាវជ្រាវជនជាតិអង់គ្លេស និងអ៊ីតាលី បានណែនាំថា មនុស្សជាច្រើនអាចការពារខ្លួនពីជំងឺសរសៃឈាមខួរក្បាលស្ពាធបានដោយទទួលទានអាហារដែលសំបូរដោយជាតិប៉ូតាស្យូម ដូចជាចេក សណ្តែក ទឹកដោះគោ និងត្រី ។

អ្នកស្រាវជ្រាវរកឃើញថា ការទទួលទានប៉ូតាស្យូមក្នុងមួយថ្ងៃប្រហែល១.៦០០មីល្លីក្រាម នឹងកាត់បន្ថយការប្រឈមមុខសរសៃឈាមខួរក្បាលជាង១ភាគ៥ ។ គួរបញ្ជាក់ថា ក្នុងចេកមួយផ្លែមានប៉ូតាស្យូមជាមធ្យម៥០០មីល្លីក្រាម ដោយជួយបន្ថយសម្ពាធឈាម និងគ្រប់គ្រងសមតុលនៃវត្ថុរាវក្នុងរាងកាយ ។
សម្រាប់អ្នកដែលមានសារធាតុប៉ូតាស្យូមក្នុងកម្រិតទាបពេកអាចធ្វើឱ្យការលោតនៃបេះដូងខុសប្រក្រតីរកកលចង់ក្អួតចង្អោរ និងរាករូស ។ អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យវ័រវិក ក្នុងប្រទេសអង់គ្លេស និងមហាវិទ្យាល័យណាផល របស់ប្រទេសអ៊ីតាលី បញ្ជាក់ថា ការបរិភោគចេកក្នុងកម្រិតទាបជាងបរិមាណកំណត់ក្នុងមួយថ្ងៃ ហើយប្រសិនបើកបរិភោគ អាហារដែលសំបូរនូវជាតិប៉ូតាស្យូមច្រើនគួបផ្សំនឹងកាត់បន្ថយការបរិភោគអំបិល ចំនួនអ្នកស្លាប់ដោយជំងឺសរសៃឈាមបេះដូង នឹងថយចុះជាងមួយលាននាក់ក្នុងមួយឆ្នាំ ។


អ្នកកើតជំងឺនេះមានចំនួនច្រើនអាចមិនស្លាប់ភ្លាមៗ ប៉ុន្តែក្លាយជាមនុស្សពិការ ប្រសិនបើអាការរើឡើងវិញជាលើកទី២ និងទី៣ មានឱកាសស្លាប់បាត់បង់ជីវិតបាន ។ អ្នកនាំពាក្យរបស់សមាគមជំងឺសរសៃឈាមក្នុងខួរក្បាលនៅប្រទេសអង់គ្លេសបានថ្លែងថា ការស្រាវជ្រាវនេះបានណែនាំថា ការទទួលទានអាហារសំបូរដោយប៉ូតាស្យូមជួយកាត់បន្ថយភាពផ្សងលើជំងឺសរសៃឈាមក្នុងខួរក្បាលបាន ។ សម្ពាធឈាមឡើងខ្ពស់ជាកត្តាដ៏សំខាន់សម្រាប់ជំងឺខាងលើ និងការស្រាវជ្រាវពីអតីតកាលបញ្ជាក់ថា ប៉ូតាស្យូមអាចជួយកាត់បន្ថយសម្ពាធឈាមបាន៕


ដោយ: www.kohsantepheapdaily.com.kh
វប្បធម៌-អារិយធម៌
ប្រភពនៃរបាំប្រជាប្រិយ “រាំវង់ខ្មែរ”





ប្រភពនៃរបាំប្រជាប្រិយ “រាំវង់ខ្មែរ”
ភ្នំពេញ: តាមការឱ្យដឹងពីលោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានពន្យល់អំពីប្រភពរាំវង់ខ្មែរដែលមានន័យថា វាជារបាំរាំជាវង់ ឬ ជារង្វង់មូល គឺជាប្រភេទរបាំងាយរាំមួយហើយមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជា។ ការដែលជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្មេងទាំងចាស់ទូទាំងប្រទេសមិនថា នៅទីក្រុង ឬ នៅតំបន់ព្រៃភ្នំដាច់ស្រយាលឡើយ ដែលបានសម្តែងអបអរពិធីបុណ្យទាន ជាពិសេសក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយបង្ហាញនូវឯកភាពកម្ម ខឿនវប្បធម៌របស់ប្រជាជាតិខ្មែរ។

ការដែលលើកឡើងយ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ លោកបណ្ឌិតបន្តទៀតថា ដោយឡែកកុលសម្ព័ន្ធខ្មែរលើ ឬ មន-ខ្មែរដែលរស់នៅក្នុងភូមិភាគឦសាន តាមតំបន់ខ្ពង់រាប ក៏ពេញនិយមរាំវង់កំសាន្តលេងយ៉ាងសប្បាយរីករាយដែរ នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះច័ន្ទដើម្បីបំ បាត់សេចក្តីនឿយហត់។ ដូច្នេះបងប្អូនជនជាតិខ្មែរចូលចិត្តរាំវង់ណាស់សូម្បីតែក្នុងពិធីកម្មផ្សេងៗក៏ពួកគាត់ចាស់ទុំ មេកន្ទ្រាញរាំលេងដែរ។

អាស្រ័យដោយហេតុផលខាងលើនេះយើងអាចនិយាយបានថា របាំរាំវង់ខ្មែរ គឺជាប្រពៃណីជាតិមានអាយុកាលតាំងពីយូរលង់ណាស់មកហើយ ប្រការដែលបងប្អូនខ្មែរលើ (មិនមែនជនជាតិទេ គឺពួកគាត់ជាខ្មែរសុទ្ធសាធ) ដូចជា គ្រឹង, ព្នង, ព្រៅ និងទំពូនជាដើម នាំគ្នារាំវង់ពេលផ្លាស់ប្តូរភូមិចាស់ ចូលទៅរស់នៅក្នុងភូមិថ្មី គឺជាលក្ខណៈចម្បងដែលបញ្ជាក់ប្រភពរួមនៃទម្លប់នេះ រវាងខ្មែរកណ្តាលនិងខ្មែរលើ។ ប៉ុន្តែប្រការនេះក៏មិនត្រូវឲ្យយើងភ្លេចបញ្ជាក់ផងដែរថា ទាំងខ្មែរកណ្តាល ទាំងកុលសម្ព័ន្ធខ្មែរលើ និងខែ្មរក្រោម ប្រើស័ព្ទ “រាំវង់” ដូចគ្នាដើម្បីតាំងឈ្មោះ នៃទម្រង់សិល្បៈខាងលើនេះ ដែលជាសញ្ញាណ នៃរូបបារម្មណ៍រួមខ្មែរតែមួយ។

លោកបានលើកអំពីការនិយមរាំវង់ខ្មែរថា ការពិតណាស់ការលាយឡំ និងរលាយចូលគ្នានៃបណ្តាវប្បធម៌នាសម័យក្រោយអង្គរបានធ្វើឱ្យជនជាតិថៃ និង លាវ(ឡាវ) និយមរាំវង់ដូចប្រជាជនខ្មែរនិងខ្មែរលើផងដែរ ជាពិសេស នៅគ្រប់តំបន់ណាដែលមានជនជាតិខ្មែរនិងថៃ-លាវរស់នៅលាយឡំគ្នា។ ក៏ប៉ុន្តែពុំមែនមានន័យថា ខ្មែរបានខ្ចីប្រពៃណីរាំវង់នេះពីមនុស្សចំណូលថ្មីទាំងនោះឡើយ។

ខាងលើនេះលោកបណ្ឌិតបានសង្កេតឃើញថា រាំវង់ខ្មែរពិតជាមានប្រភពដើមចេញមកពីខឿនវប្បធម៌មន-ខ្មែរ នាសម័យបុរេប្រវត្តិសាស្ត្រពិតប្រាកដ ដែលប្រជាជនខ្មែរគ្រប់ស្រទាប់ក្នុងសង្គមរាប់អានយ៉ាងក្រៃលែង។ ប៉ុន្តែនៅមានលក្ខណៈមួយទៀតក្រៅពីឥទ្ធិពលរបស់ខ្មែរលើ គឺវាមានលក្ខណៈ ពិសិដ្ឋប្រជាប្រិយដ៏ពេញនិយមមួយ។

តាមការនិយមរបស់ជនជាតិខ្មែរយើង លោកក៏លើកឡើងទៀតថា មេមត់ ឬ អ្នកចូលរួមច្រើនតែរាំជាវង់ជុំវិញរោងតូចមួយក្នុងពិធីឡើងអ្នកតា-លៀងអារក្ខ ឬ ពិធីរាំសុំទឹកភ្លៀងម្តងៗនៅតាមស្រុ កភូមិទូទាំងប្រទេសខ្មែរដើម្បីសូមពរជ័យសិរីមង្គលភាពត្រជាក់ត្រជុំភាពសម្បូរសប្បាយ ពីវត្ថុស័ក្តិសិទ្ធិរបស់ពួកគាត់។

តាមពិតទៅរបាំរាំវង់ភូមិថ្មីនិងរាំវង់សុំទឹកភ្លៀង ដែលអម្បូរមន-ខ្មែរប្រារព្វតាមប្រពៃណីដូនតាតាំងពីបុរាណកាលតៗគ្នារហូតដល់បច្ចុប្បន្នភាព ជួនកាលម្នាក់ឯង ជួនកាលជាគូរៗ គឺការសម្តែងនូវភាពរីករាយ ភាពសាមគ្គី សាមគ្គាគ្នាក្នុងជីវិតក៏មែនពិត ក៏ប៉ុន្តែបង្កប់នូវនិមិត្តរូបមួយ គឺការតពូជពង្សវង្សត្រកូលដោយហេតុថា ក្នុងប្រព័ន្ធគំនិតខ្មែររង្វង់មូល គឺតំណាងឱ្យ “រង្វង់នៃជីវិត” ដែលវិលឡើងវិលចុះតៗគ្នាមិនចេះចប់មិនចេះហើយ ជានិច្ចនិរន្តមិនថាធម្មជាតិ មិនថាមនុស្សឬសត្វឡើយ។

ដោយហេតុនេះឯងបានជាគេរាំជាវង់មូលដោយប្រើកាយវិការ និងក្បាច់ដៃពីក្រោមឡើងលើ ដើម្បីសម្តែងនូវឆន្ទៈគឺ “សុភមង្គល” ដែលជាសេចក្តីប៉ងប្រាថ្នាក្នុងជីវិតនេះ។

មួយវិញទៀតព្រោះរង្វង់មូលតែងតែបង្កប់នូវកម្លាំងអាថ៌កំបាំងធម្មជាតិមួយ គួរឱ្យកោតខ្លាច ដែលមានលក្ខណៈជាសកលដោយហេតុនេះហើយបានជាតិខ្មែររាំជាវង់ៗតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នភាព៕


ដោយ : www.cen.com.kh (ថ្ងៃទី 13 មេសា 2011)

Wednesday, April 20, 2011

សេដ្ឋកិច្ច
ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី៖ សង្គ្រាមសេដ្ឋកិច្ចតាមដងទន្លេមេគង្គ




ភ្នំពេញ: សមាជិកគណៈកម្មការទន្លេមេគង្គ (MRC) ទាំង៤ប្រទេសគឺ ឡាវ ថៃ កម្ពុជា និងវៀតណាមបានខ្វែងគំនិតគ្នាអំពីគំរោងសាងសង់វារីអគ្គិសនីដ៏ធំសម្បើមនៅខេត្តសាយ៉ាប៊ូរីប្រទេសឡាវនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី១៩មេសានៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ។ ដោយមិនអាចសម្រេចអ្វីបាន គណៈកម្មការនេះបានសម្រេចបញ្ជូនសំណុំរឿងនេះទៅថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងធនធានទឹករបស់ប្រទេសនីមួយៗដើម្បីសម្រេចវិញ។ បញ្ហានេះនាំឱ្យការសម្រេចចិត្តគាំទ្រទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសត្រូវបានខកខាន។ អង្គការអ្នកការពារបរិស្ថានបានសម្តែងការអបអរចំពោះការពន្យារពេលនេះ។

ប៉ុន្តែ ប្រទេសឡាវបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងសាងសង់ទំនប់វារីអគ្គិសនីរបស់ខ្លួន។ការដ្ឋានបានចាប់ផ្តើមដំណើរការបណ្តើៗទៅហើយទោះបីជានៅមិនទាន់មានការព្រមព្រៀងពីប្រទេសជិតខាង៣ទៀតក៏ដោយជាពិសេសវៀតណាម និងកម្ពុជា។

អ្វីជា MRC ?

គណៈកម្មការទន្លេមេគង្គ (MRC) ជាយន្តការថ្នាក់តំបន់មួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ដោយប្រទេស៤ដែលស្ថិតនៅប៉ែកខាងក្រោមនៃទន្លេមេគង្គគឺឡាវ ថៃ កម្ពុជា និងវៀតណា។ គោលបំណងនៃការបង្កើតគណៈកម្មការនេះគឺដើម្បីគ្រប់គ្រងនិងប្រើប្រាស់ទន្លេមេគង្គឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព។ តាមកិច្ចព្រមព្រៀង សមាជិកគណៈកម្មការ MRC ត្រូវស្វែងរកកិច្ចព្រមព្រៀងគ្នាចំពោះរាល់គំរោងនានាដែលទាក់ទងនឹងចរន្តទឹកនៃទន្លេមេគង្គ ដូចជាការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនេះជាដើម។

គំរោងសាងសង់វារីអគ្គិសនី១២លើដងទន្លេមេគង្គ៖

ដោយសារតម្រូវការខាងសេដ្ឋកិច្ច ប្រទេសឡាវមានមហិច្ឆតាចង់ក្លាយជា“ធុងអាគុយ”នៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ដោយសារតែសក្តានុពលទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ ឡាវបានសំឡឹងឃើញថា សក្តានុពលវារីអគ្គិសនីរបស់ខ្លួនអាចផលិតថាមពលអគ្គិសនីបានចំនួន ២៨ ០០០ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ សម្រាប់លក់ចេញទៅក្រៅប្រទេស។ ៩០ភាគរយនៃថាមពលនេះនឹងលក់ទៅឱ្យប្រទេសថៃនិងវៀតណាម។

គេប៉ាន់ប្រមាណថា ឡាវដែលជាប្រទេសក្រីក្រមួយ ហើយដែល៧០ភាគរយនៃប្រជាជនរស់នៅដោយប្រាក់ចំណូល២ដុល្លារក្នុង១ថ្ងៃ នឹងមានចំណូលថវិកាជាតិកើនឡើងដល់ ២៦០០ លានដុល្លារក្នុងមួយឆ្នាំ។ ជាមួយនឹងទស្សនៈវិស័យខាងសេដ្ឋកិច្ចនេះ ឡាវបានរៀបគំរោងសាងសង់វារីអគ្គិសនីមិនតិចជាង១០កន្លែងទេនៅតាមដងទន្លេមេគង្គដែលហូរកាត់ប្រទេសរបស់ខ្លួន។

ទំបន់វារីអគ្គិសនីសាយ៉ាប៊ូរីជាគំរោងដ៏ធំមួយក្នុងចំណោមគំរោងទាំងនោះ។ វារីអគ្គិសនីសាយ៉ាប៊ូរីត្រូវគេគ្រោងចំណាយ ៣ ៥០០ លានដុល្លារ និងអាចផលិតថាមពលអគ្គិសនីបាន ១ ២៦០ មេហ្កាវ៉ាត់។ ថៃជាអ្នកទទួលទិញច្រើនជាងគេពីថាមពលនេះគឺរហូតដល់៩០ភាគរយ។ អ៊ីចឹងហើយបានជាក្រុមហ៊ុនថៃជាអ្នកទទួលបន្ទុកសាងសង់ទំនប់នេះ។ បន្ទាប់ពីគំរោងទាំង១០របស់ឡាវ កម្ពុជាក៏មានគំរោងសាងសង់វារីអគ្គិសនី២កន្លែងដែរគឺគំរោងទី១ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងមួយទៀតនៅស្រុកសំបូរក្នុងខេត្តក្រចេះ។

គំរោងវារីអគ្គិសនីទាំង១២កន្លែងនៅតាមដងទន្លេមេគង្គនេះបានធ្វើឱ្យក្រុមការពារបរិស្ថានខ្វល់ខ្វាយនិងជំទាស់យ៉ាងខ្លាំងជាពិសេសគំរោងសាយ៉ាប៊ូរីដែលជាគំរោងដំបូងគេមួយ ពីព្រោះគេមើលឃើញថា ការបណ្តោយឱ្យសាយ៉ាប៊ូរីលេចចេញជារូបរាងគឺជាការបើកផ្លូវឱ្យគំរោងផ្សេងទៀតលេចចេញជារូបរាងដូចគ្នាដែរ។

តម្រូវការខាងសេដ្ឋកិច្ច៖

ចាប់ពីឆ្នាំ១៩៩៣ដល់២០០៥កំណើនសេដ្ឋកិច្ចក្នុងតំបន់ប៉ែកខាងក្រោមទន្លេមេគង្គមានប្រមាណជា៨ភាគរយក្នុង១ឆ្នាំ។ ជាកំណើនខ្ពស់មួយបើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងលោក។ កំណើនសេដ្ឋកិច្ចនេះអាចបញ្ជាក់បានពីកំណើនយ៉ាងខ្លាំងនៃតម្រូវការផ្នែកថាមពលអគ្គិសនី។

ប្រសិនបើគំរោងសាងសង់ទំបន់វារីអគ្គិសនីទាំង១២នេះបានសម្រេច ទឹកប្រាក់ចំនួន២៥ពាន់លានដុល្លារនឹងត្រូវគេវិនិយោគ។ ការវិនិយោគដ៏ធំសម្បើមនេះត្រូវបានអ្នកខ្លះចាត់ទុកថាជាកម្លាំងចលករធ្វើឱ្យមានសន្ទុះសេដ្ឋកិច្ចដ៏សម្បើមមួយសម្រាប់ប្រទេសក្រីក្រដូចជាឡាវ និងកម្ពុជានេះ។ ទំនប់វារីអគ្គិសនីមានតួនាទីសំខាន់២គឺ៖ទី១វាផ្តល់ប្រភពអគ្គិសនី និងទី២វាជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្មនិងនាវាចរណ៍ផងដែរ។ ប៉ុន្តែ វានឹងធ្វើឱ្យប៉ែកខាងក្រោមទទួលផលប៉ះពាល់។ សព្វថ្ងៃនេះ ១ភាគ៥នៃផលិតផលអគ្គិសនីរបស់ពិភពលោកបានមកពីវារីអគ្គិសនី។

ការបំផ្លាញបរិស្ថាន៖

ទន្លេមេគង្គជាទន្លេដ៏ធំមួយនៅក្នុងលោក។ វាជាជង្រុកត្រីទឹកសាបដ៏ធំជាងគេ និងជាទន្លេជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកខាងជីវៈចម្រុះ។ នេះជាហេតុផលដែលក្រុមអ្នកការពារបរិស្ថានខិតខំការពារទន្លេនេះឱ្យរួចផុតពីការបំផ្លាញ។ ការសាងសង់ទំបន់វារីអគ្គិសនីដ៏សន្ធឹកសន្ធាប់នៅលើដងទន្លេនេះនឹងធ្វើឱ្យទន្លេមេគង្គស្គាល់ការប្រែប្រួលមួយ ប្រកបដោយមហន្តរាយបំផុត។ ពូជត្រីសំខាន់ៗជាង៤០ប្រភេទត្រូវគេអះអាងថា នឹងវិនាសហិនហោច។ ប្រជាជនជាង៧០ភាគរយក្នុងតំបន់ទន្លេមេគង្គក្រោមដែលរស់អាស្រ័យលើធនធានធម្មជាតិនៃទន្លេនេះនឹងទទួលផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ។ សម្រាប់អ្នកការពារបរិស្ថាន គំរោងសាយ៉ាប៊ូរីបានក្លាយជាការវិនិយោគដ៏បំផ្លិចបំផ្លាញមួយសម្រាប់ទន្លេមេគង្គ។

ការខ្វែងគ្នានៃសមាជិក MRC ៖

ប្រទេសវៀតណាមដែលជាប្រទេសនាំអង្ករចេញធំទី២លើលោកបន្ទាប់ពីថៃបានប្រឆាំងយ៉ាងខ្លាំងទៅនឹងគំរោងការនេះពីព្រោះទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនឹងធ្វើឱ្យមានការប្រែប្រួលចរន្តទឹកនៅប៉ែកខាងក្រោមដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់កសិកម្មប្រទេសវៀតណាម។ វៀតណាមបានស្នើឱ្យពន្យារការសិក្សាយ៉ាងហោចណាស់១០ឆ្នាំទៀត។

កម្ពុជាក៏ជំទាស់នឹងគំរោងនេះដែរ គឺកម្ពុជាបានស្នើឱ្យឡាវសិក្សាល្អិតល្អន់ខាងបរិស្ថាន និងបង្ហាញពីលទ្ធផលនោះឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តគាំទ្រ។ ចំណែកឯថៃវិញក៏បានស្នើឱ្យមានការសិក្សាច្បាស់លាស់ដែរ ប៉ុន្តែថៃមិនបានបង្ហាញជំហរជំទាស់ច្បាស់លាស់ទេពីព្រោះតែថៃជាអ្នកទទួលប្រយោជន៍សំខាន់ពីវារីអគ្គិសនីសាយ៉ាប៊ូរី។

នៅពេលនេះ គំរោងសាយ៉ាប៊ូរីកំពុងស្ថិតក្នុងគំនាបយ៉ាងខ្លាំងក្លានៃបញ្ហាបរិស្ថាន។ យ៉ាងណាក៏ដោយ ឡាវហាក់បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យគំរោងសាយ៉ាប៊ូរីលេចចេញជារូបរាង។ ការដ្ឋានសាងសង់បានចាប់ផ្តើមបណ្តើៗរួចទៅហើយទោះបើជាមិនទាន់មានការឯកភាពគ្នាក្នុងរឿងនេះក្តី។ ប៉ុន្តែ ការរារាំងមិនឱ្យទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីលេចចេញជារូបរាងទំនងជាពិបាននឹងធ្វើពីព្រោះរដ្ឋាភិបាលឡាវដ៏ក្រីក្រនេះហាក់បាននិងកំពុងសំឡឹងឃើញទ្រព្យសម្បត្តិមហាសាលរបស់ខ្លួនដែលកប់ក្នុងសក្តានុពលវារីអគ្គិសនី។ ឡាវដែលលំអៀងយ៉ាងខ្លាំងទៅលើទស្សនៈវិស័យសេដ្ឋកិច្ចទំនងជាសុខចិត្តជ្រើសរើសយកការអាក់អន់ចិត្តពីប្រទេសជិតខាងជាជាងការបោះបង់គំរោងរបស់ខ្លួន។ នេះជាពេលវេលានៃការធ្វើសង្គ្រាមរវាងសេដ្ឋកិច្ច និងបរិស្ថាន៕


ដោយ : www.cen.com.kh (ថ្ងៃទី 21 មេសា 2011)